1

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
វេរញ្ជកណ្ឌំ
[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជា​មួយ​នឹង​ភិក្ខុសង្ឃ​មាន​ប្រមាណ​ច្រើន ចំនួន៥០០រូប។ វេរញ្ជព្រាហ្មណ៍   បានឮច្បាស់ (នូវដំណឹងនោះហើយ ទើបប្រកាសសេចក្តីថា) ម្នាល​គ្នា​យើង បានឮថា ព្រះសមណគោតម ជា​សក្យបុត្រ​ចេញចាក​សក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្បែរដើមស្តៅ ជា​លំនៅ​របស់នឡេរុយក្ស ជិត​ស្រុកវេរញ្ជា ជាមួយនឹង​ភិក្ខុសង្ឃ​មានប្រមាណ​ច្រើន​ចំនួន​៥០០រូប។ កិត្តិសព្ទ​ដ៏ពីរោះ​​របស់​ព្រះគោតម​ដ៏​ចំរើន​នោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាកសេចក្តីសៅហ្មង​គ្រប់យ៉ាង ​ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គ​បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹងនិងក្រឹត្យ​ដែលបុគ្គល​គប្បីប្រព្រឹត្ត​ ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ ទៅ​កាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណ រក​បុគ្គល​ណា​មួយ​ស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះ​ព្រះអង្គ​ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ថា សត្ថា ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវអរិយសច្ចធម៌ ថា ភគវា ព្រោះ​ព្រះអង្គ​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ចំពោះព្រះអង្គនូវលោកនេះ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយ​ទ្រង់​ប្រកាស ទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ​ដ៏ពេញ​​បរិបូណ៌​​បរិសុទ្ធ​ទាំង​​អស់ ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក ។

Comments